មេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi និងថ្នាក់ដឹកនាំផ្សេងទៀតត្រូវយោធាឃុំខ្លួន !!!!!
មេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi និងថ្នាក់ដឹកនាំផ្សេងទៀតត្រូវយោធាឃុំខ្លួន !!!!!
ដោយះ លោក ភៀង សុភា
ចេញផ្សាយ ថ្ងៃ ចន្ទ ៤រោច ខែ មាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២១
ព័ត៌មានជាតិ
រដ្ឋធានីណៃពិដោ:
ពលករចំណាកស្រុកមីយ៉ាន់ម៉ាកាន់រូបមេដឹកនាំយោធា ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងការឃុំខ្លួនរបស់មេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi និងថ្នាក់ដឹកនាំដទៃទៀតដោយយោធាមីយ៉ាន់ម៉ា នៅមុខស្ថានទូតមីយ៉ាន់ម៉ាក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃច័ន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១។
ទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានប្រកាសនៅថ្ងៃច័ន្ទនេះថា យោធាបានត្រួតត្រាប្រទេសមីយ៉ាន់ម៉ានៅក្រោមស្ថានភាពអាសន្ន ដោយសារតែគណៈកម្មការរៀបចំការបោះឆ្នោតមិនបានចាត់វិធានការទាក់ទិននឹងការអះអាងរបស់យោធាដែលថា ការបោះឆ្នោតថ្នាក់ជាតិកាលពីខែវិច្ឆិកាឆ្នាំមុន មានការលួចបន្លំ។ការប្រកាសនេះបានធ្វើឡើងក្នុងពេលប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi និងមន្ត្រីគណបក្សកាន់អំណាចផ្សេងទៀត ត្រូវបានឃុំខ្លួន។ ការឃុំខ្លួនទាំងនេះកើតឡើងនៅចំថ្ងៃដែលរដ្ឋសភាថ្មីត្រៀមបើកសម័យប្រជុំលើកដំបូងរបស់ខ្លួន។
លោក Myo Nyunt អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលជាគណបក្សកាន់អំណាច បាននិយាយថា អ្នកស្រី Aung San Suu Kyi និងលោកប្រធានាធិបតី Win Myint ត្រូវបានគេចាប់ខ្លួនកាលពីព្រឹកថ្ងៃច័ន្ទនេះ។លោក Myo Nyunt បានបញ្ជាក់នៅថ្ងៃច័ន្ទនេះក្នុងពេលមិនយូរប៉ុន្មានមុនពេលលោកត្រូវបានគេចាប់ឃុំខ្លួនផងដែរថា៖ «ខ្ញុំចង់ប្រាប់ពលរដ្ឋរបស់យើងកុំឲ្យឆ្លើយតបដោយពុំបានគិតហ្មត់ចត់ជាមុន ហើយខ្ញុំចង់ឲ្យពួកគេធ្វើទៅតាមច្បាប់»។
លោកបានបន្ថែមថា៖ «តាមយើងដឹង មនុស្សសំខាន់ៗទាំងអស់ត្រូវបានយោធាចាប់ខ្លួន។ ដូច្នេះ ឥឡូវនេះ យើងអាចនិយាយបានថា វាជារដ្ឋប្រហារ។ នៅក្នុងរដ្ឋធានីណៃពិដោ ខ្ញុំបានឮថា អ្នកស្រី Aung San Suu Kyi និងលោកប្រធានាធិបតី Win Myint ត្រូវបានចាប់ខ្លួន។ ប៉ុន្តែ យើងមិនទាន់ដឹងឲ្យប្រាកដអំពីសមាជិករដ្ឋសភានៅក្នុងរដ្ឋធានីនៅឡើយទេ ក៏ប៉ុន្តែ យើងអាចសន្មតថា ពួកគេក៏ត្រូវបានចាប់ខ្លួនផងដែរ»។ការចាប់ខ្លួនទាំងនេះត្រូវបានថ្កោលទោសដោយសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនទៀតដូចជាអូស្ត្រាលី ឥណ្ឌា និងសិង្ហបុរីជាដើម។
សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា៖ «សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីសេចក្ដីរាយការណ៍ ដែលថាយោធាមីយ៉ាន់ម៉ាបានចាត់វិធានការបំផ្លាញដំណើរការអន្តរកាលប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា»។សេតវិមានបានបន្តថា សហរដ្ឋអាមេរិកជំរុញ «យោធាមីយ៉ាន់ម៉ានិងភាគីផ្សេងទៀតទាំងអស់ឲ្យគោរពតាមបទដ្ឋានប្រជាធិបតេយ្យនិងនីតិរដ្ឋ និងឲ្យដោះលែងអ្នកដែលជាប់ឃុំនៅថ្ងៃនេះ»។សេតវិមានបានបន្ថែមថា៖ «សហរដ្ឋអាមេរិកប្រឆាំងនឹងការប៉ុនប៉ងណាមួយនៅក្នុងការកែប្រែលទ្ធផលនៃការបោះឆ្នោតកាលពីពេលថ្មីៗនេះ ឬក៏ការបង្អាក់ដល់ដំណើរការអន្តរកាលប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា។ សហរដ្ឋអាមេរិកនឹងចាត់វិធានការប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះរឿងនេះ ប្រសិនបើជំហានទាំងអស់នេះមិនត្រូវបានធ្វើឲ្យដូចដើមវិញ»៕
ដោយះ មជ្ឈមណ្ឌល ព័ត៌មាន សម្លេងជាយដែន
https://www.vnc-news.com/