លោក សាន វិជ្ជាសារ៉ាវុធ មេសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ត្រូវបានថ្នាក់លើ ព្រមានដកដំណែងបើមិនកែអត្តចរិត
ខេត្តបន្ទាយមានជ័យ៖អ្នកណាក៏បានដឹងដែលថា ក្រោយពីលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ឡើងកាន់តំណែងរយះកាលកន្លងមកនេះ អ្នកម្ចាស់ស្រុកដែលធ្លាប់រស់នៅ ទឹកដីអាណាចក្រក្រុងប៉ោយប៉ែត បាននិយាយតៗគ្នាថាលោក សាន វិជ្ជាសារ៉ាវុធ បានកែប្រែចរឹកស្លូតបូតរាក់ទាក់ កាលនៅជាអនុប្រធានលោក សៀន ស៊ីណាត លោក សាន វិជ្ជាសារ៉ាវុធ មានប្រជាប្រីហ៍ភាពខ្លាំងណាស់។
ប៉ុន្តែពេលលោកឡើងធ្វើជាប្រធានជំនួសលោក សៀន ស៊ីណាត ស្រាប់តែចរឹកលោក ប្រែប្រួលអស់រលីងបែរជាទៅប្រកាន់បក្សពួកនិយម សូម្បីតែយកអ្នកសារព័ត៌មានទៅចុះផ្សាយក៏លោកប្រកាន់បក្សពួកដែរ។
ក្រោយពីមានរឿងអាស្រូវ ស្អុយអាសោចិ៍ បញ្ច្រាសខ្យល់ មានទាំងកាសែត វេបសាយ ទូរទស្សន៍ផ្សាយជាបន្តបន្ទាប់ជុំវិញរឿងពុករលួយរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដែលកន្លងមក មេសាខារូបនេះ បានដឹកនាំបែបបក្ខពួកនិយម គាបសង្កត់មន្ត្រីក្រោមឱវាទ បណ្តេញមន្ត្រីមានក្របខ័ណ្ឌឲ្យទៅពិនិត្យរទេះ ពិនិត្យឡានតាមផ្លូវ រួចទៅជួលជនស៊ីវិលដែលជាសាច់ញាតិខ្លួន២នាក់ ឲ្យមកធ្វើការជំនួស។
ភាពមិនប្រក្រតីនេះ បានធ្វើឲ្យមន្ត្រីក្រោមឱវាទជាច្រើន សម្តែងការមិនពេញចិត្តគឺមកពីលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានរំលោភលើការងាររបស់ខ្លួន ធ្វើការមិនបានអនុវត្តន៍តាមប្រកាសរបស់ក្រសួងនិងតាមឋានានុក្រម។ប្រភពព័ត៌មានបង្ហើបឲ្យដឹងថា៖ សព្វថ្ងៃនេះលោក សាន វិជ្ជាសារ៉ាវុធ បានរៀបយុទ្ធសាស្ត្រ១ខែ ត្រូវចុះត្រួតពិនិត្យតាមផ្សារឲ្យបាន២ដង ដើម្បីយករូបភាព សកម្មភាព ធ្វើរបាយការណ៍ រាយការណ៍ជូនថ្នាក់លើ។
សកម្មភាពទាំងនេះ ត្រូវបានគេដឹងថា៖គឺជាការធ្វើឡើងដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួន បង្ក្រាបអ្នករកស៊ីតូចតាច ឃុបឃិតជាមួយឈ្មួញធំៗ ក្រុមហ៊ុនធំៗនាំចូលទំនិញ ផលិតផលខូចគុណភាពដូចជា៖បន្លែ ផ្លែឈើ ត្រី សាច់ សាច់មាន់ខូចគុណភាពនិងប្រហិតគ្រប់ប្រភេទ បង្កប់ក្នុងរទេះទំនិញ នាំចូលពីថៃមកកម្ពុជា តាមច្រកប៉ោយប៉ែតដើម្បីយកទៅចែកចាយបន្តតាមបណ្តាខេត្តនិងរាជធានីភ្នំពេញ។
ក្រោយពីសារព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយនៅក្នុងខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ គេបានឃើញវត្តមានលោក ម៉ក់ ពេជ្ជរឹទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយមន្ត្រីកាំកុងត្រូលនៅស្នាក់ការកាំកុងត្រូលច្រកប៉ោយប៉ែត។
បើតាមប្រភព បានបង្ហើបថា ក្នុងជំនួបប្រជុំនោះលោក ម៉ក់ ពេជ្ជរឹទ្ធ បានព្រមានយ៉ាងចាស់ដៃចំពោះលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយទុកពេលឲ្យ១សប្តាហ៍ ឲ្យកែប្រែការដឹកនាំ ពង្រឹងការងារឡើងវិញ ត្រូវសាមគ្គីគ្នាឡើងវិញ ត្រូវផ្តល់ការងារឲ្យកូនចៅ(មន្ត្រីក្រោមឱវាទធ្វើវិញ តាមឋានុក្រម) ។
លោក ម៉ក់ ពេជ្ជរឹទ្ធ បន្ថែមថា៖សព្វថ្ងៃនេះ ការងារកាំកុងត្រូលខេត្តបន្ទាយមានជ័យ ធ្លាក់ខ្សោយណាស់ ហើយបទល្មើសខុសច្បាប់របស់ឈ្មួញលួចបង្កប់ទំនិញខូចគុណភាព កើនឡើងពេញបន្ទុក រាល់ពេលសមត្ថកិច្ចតាមបណ្តាខេត្ត ដូចជា បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ ចាប់បានសាច់មាន់ ប្រហិត និងទំនិញខូចគុណភាព ពេលសួរនាំឈ្មួញតែងតែឆ្លើយថា នាំចូលពីថៃ តាមច្រកប៉ោយប៉ែតតែរហូត។
លោកព្រលយថា៖បើអសមត្ថភាព គួរតែដឹងខ្លួនហើយ?ប្រភពបញ្ជាក់ថា៖កន្លងទៅលោក សាន វិជ្ជាសារ៉ាវុធ តែងតែមានអំនួតអួតអាង តាំងខ្លួនដូចមហាទេពស្មើមេឃ គ្មាននរណាចេះដល់ខ្លួនទេយកឈ្មោះអ្នកធំនេះអ្នកធំនោះ មកប្រើប្រាស់ គាបសង្កត់មន្ត្រីក្រោមឱវាទ តាំងខ្លួនជាទីប្រឹក្សាផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានឋានៈស្មើអគ្គនាយក ហើយការឃុបឃិតជាមួយឈ្មួញដាក់ខែ រាប់ក្បាលឡានដឹកទំនិញ១គ្រឿង ១០០បាត១ថ្ងៃ មានឡានពី៣០០គ្រឿង ទៅ៥០០គ្រឿង អីចឹងមានន័យថាគ្រាន់តែ១ថ្ងៃ លោកប្រធានសាខាកាំកុងត្រូលរូបនេះ អាចរកចំណូលក្រោមតុពីឈ្មួញបានរាប់ម៉ឺនបាត (ប្រាក់ថៃ)។
ចំណូលទាំងនោះ លោក សាន វិជ្ជាសារ៉ាវុធ អះអាងចំពោះមុខកូនចៅថាមួយចំនួនគឺទុកដោះស្រាយអង្គភាពមួយចំនួនទៀត គឺចិញ្ចឹមមេកើយរបស់ខ្លួននិងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ឋ និងយកលុយមួយចំនួនជួយបក្ស។គេបានសង្ស័យថា ព្រោះតែមានខ្នងក្រាស់ និងខ្សែធំបែបនេះហើយ បានជាប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ហ៊ានធ្វើព្យុះធ្វើភ្លៀង ឃុបឃិតជាមួយឈ្មួញនាំចូលទំនិញខូចគុណភាពចូលពីថៃទាំងយប់ ទាំងថ្ងៃនិងដាក់កូនចៅរាប់ក្បាលឡានយកលុយយ៉ាងរំភើយ មិនខ្វល់ពីការប៉ះពាល់សុខុមាលភាពប្រជាពលរដ្ឋឡើយ។
ពាក់ពន្ធ័ករណីនេះ ភ្នាក់ងាររបស់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន សម្លេងជាយដែនបានទូរស័ព្ទទៅសម្ភាសន៍ផងដែរ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ តែគួរឲ្យសោកស្តាយទូរសព្ទ័លោក សាន វិជ្ជាសារ៉ាវុធ មិនអាចទំនាក់ទំនងបានឡើយ ៕